យុទ្ធនាការផ្សព្វផ្សាយពីភាពស៊ាំទៅនឹងថ្នាំផ្សះនៅទីរួមខេត្តកោះកុង

សាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត បានធ្វើយុទ្ធនាការផ្សព្វផ្សាយពីភាពស៊ាំទៅនឹងថ្នាំផ្សះនៅក្នុងទីរួមខេត្តកោះកុង

ភាពស៊ាំទៅនឹងថ្នាំផ្សះ គឺជាកង្វល់របស់ពិភពលោក និងប្រទេសកម្ពុជា។ ការយល់ដឹងអំពីភាពត្រឹមត្រូវ នៃការប្រើប្រាស់ថ្នាំផ្សះនៅមានកម្រិតនៅឡើយ នៅក្នុងចំណោមប្រជាជនទូទៅ នៅប្រទេសកម្ពុជា។ ហេតុដូច្នេះហើយ បានជានៅព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ និស្សិតឱសថសាស្រ្ត នៃសាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត បានរៀបចំយុទ្ធនាការផ្សព្វផ្សាយពីភាពស៊ាំទៅនឹងថ្នាំផ្សះ នៅទីរួមខេត្តកោះកុងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងពីការប្រើប្រាស់ថ្នាំផ្សះឲ្យបានត្រឹមត្រូវ ជូនដល់ប្រជាជន។

យុទ្ធនាការផ្សព្វផ្សាយនេះ មានការរួមរួមពីសាស្រ្តាចារ្យ ឱសថបណ្ឌិត ឱសថការី និស្សិត អតីតនិស្សិតឱសថសាស្រ្ត នៃសាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត ចំនួន២១៦នាក់ ព្រមទាំងមានការចូលរួមពីអាជ្ញាធរខេត្ត និងមន្ទីរសុខាភិបាលខេត្តកោះកុងយ៉ាងច្រើនកុះករ។

និស្សិតឱសថសាស្រ្តបានធ្វើការផ្សព្វផ្សាយដោយដើរដង្ហែរជាក្បូន អមដោយការលើកបដា ការស្រែកជ័យឃោសពីការប្រើប្រាស់ថ្នាំផ្សះដែលត្រឹមត្រូវ និងពាក្យស្លោករបស់ថ្នាំផ្សះទៅតាមអនុសាសន៍របស់អង្កការសុខភាពពិភពលោក។ ស្របពេលជាមួយគ្នានោះដែរ និស្សិតឱសថសាស្រ្ត ក៏បានចុះអប់រំសុខភាពដោយផ្តោតលើការប្រើប្រាស់ថ្នាំផ្សះ នៅតាមគេហដ្ឋាន រួមផ្សំនឹងការចែកខិត្តបណ្ណអប់រំសុខភាព ទឹកលាងដៃសម្រាប់សម្លាប់មេរោគ និងអំណោយផ្សេងៗ។ ក្បូនដង្ហែរ ដោយមានការសម្របសម្រួលចរាចរណ៍ពីអាជ្ញាធរ និងនិស្សិត បានចាប់ផ្តើមពីទីធ្លារមុខសាលាខេត្តកោះកុង ឆ្លងកាត់ការផ្សារដងទង់ រហូតដល់មន្ទីរពេទ្យបង្អែកខេត្តកោះកុង។

តាមរយៈយុទ្ធនាការផ្សព្វផ្សាយនេះ មហាវិទ្យាល័យឱសថសាស្រ្ត សង្ឃឹមយ៉ាងមុតមាំថាសកម្មភាពនេះនឹងលើកកម្ពស់ការប្រើប្រាស់ថ្នាំផ្សះ ឱ្យបានត្រឹមត្រូវបានមួយកម្រិតទៀត។ យើងខ្ញុំទាំងអស់គ្នា សូមថ្លែងអំណរគុណដល់ក្រុមការងារសាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត និស្សិតឱសថសាស្រ្ត សប្បុរសជន ក្រុមហ៊ុន និងសហគ្រាស ជាពិសេសអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ដែលជួយគាំទ្រយ៉ាងពេញទំហឹង។