Dr. SOEURN Visal
នាព្រឹក ថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១៦ សាកលវិទ្យាល័យពុទ្ធិសាស្ត្របានរៀបចំ ពិធីបំពាក់ឯកសណ្ឋានពេទ្យ និងការធ្វើសច្ចាប្រណិធាន សម្រាប់និស្សិតមហាវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលចំនួន ១០២ នាក់នៅសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ។
សាកលវិទ្យាល័យពុទ្ធិសាស្ត្រ ប្រារព្ធ ពិធីបំពាក់ឯកសណ្ឋានពេទ្យ និងការធ្វើសច្ចាប្រណិធាននេះឡើងក្នុងគោលបំណង៖
ជំរុញលើកទឹកចិត្តប្អូនៗ ជានិស្សិតមហាវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលឲ្យមានការខិតខំសិក្សាស្រាវជ្រាវស្វែងរកចំណេះដឹងនិងជំនាញវិជ្ជាជីវពិតប្រាកដព្រមទាំងប្រកាន់ខ្ជាប់នូវឥរិយាបថល្អ និងការផ្តល់តម្លៃមនុស្សធម៌
ចូលរួមដាស់តឿនក្រើនរំលឹកដល់ប្អូនៗជានិស្សិតមហាវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ឱ្យអនុវត្តអាជីពពេទ្យរបស់ខ្លួននាថ្ងៃអនាគតប្រកបដោយមនសិការ កិត្តិយស និងសេចក្តីថ្លៃថ្នូរ
និងមានភាពមេត្តាធម៌ទៅលើអ្នកជម្ងឺ និងចូលរួមលើកដម្កើងក្រមសីលធម៌វិជ្ជាជីវៈក្នុងវិស័យសុខាភិបាលអោយកាន់ប្រសើរឡើង។
ពិធីបំពាក់ឯកសណ្ឋានពេទ្យ និងការធ្វើសច្ចាប្រណិធាននេះ ក៏ជាការរួមចំណែកថ្មីមួយទៀត ដល់ការលើកស្ទួយការ បណ្តុះបណ្តាលក្នុងវិស័យសុខាភិបាលផងដែរ។
ក្នុងពិធីដ៏មានអត្ថន័យនេះ សាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ ក៏បានចែកប័ណ្ណសរសើរជូនដល់និស្សិតពូកែប្រចាំឆ្នាំ ចំនួន ១០២នាក់ ដែលមកពីគ្រប់ផ្នែក មហាវិទ្យាល័យ នៃសាកលវិទ្យាល័យពុទ្ធិសាស្រ្តផងដែរ។ ការចែកជូនប័ណ្ណសរសើរនេះ ជាការសរសើរចំពោះនិស្សិតដែលបានខិតខំរៀនសូត្រកន្លងមក និងជាការលើកទឹកចិត្តដល់និស្សិតពូកែ ព្រមទាំងនិស្សិតទាំងអស់ បន្តការខិតខំប្រឹងប្រែងលើការរៀនសូត្ររបស់ខ្លួនបន្ថែមទៀត ក៏ដូចជាចេះចែករម្លែកចំណេះដឹងរបស់ខ្លួនជាមួយមិត្តរួមជំនាន់ និងប្អូនៗនិស្សិតជំនាន់ក្រោយ ដើម្បីចូលរួមអភិវឌ្ឍធនធានមនុស្សឱ្យកាន់តែមានការរីកចំរើនមួយកម្រិតទៀត សម្រាប់ប្រទេសកម្ពុជា។
នៅក្នុងពិធី បំពាក់ឯកសណ្ឋានពេទ្យ និងការធ្វើសច្ចាប្រណិធាននេះ ក៏មានការអញ្ជើញចូលរួមជាគណៈអធិបតី ពីសំណាក់ ឯកឧត្តមសាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល និង លោក សុខ ពុទ្ធីវុធ ប្រធានក្រុមប្រឹក្សា ភិបាល នៃសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ និងចូលរួមជាកិត្តិយសពីសំណាក់សមាជិកក្រុមប្រឹក្សាភិបាល សាកលវិទ្យា- ធិការ គណៈគ្រប់គ្រង សាស្ត្រាចារ្យ និងបុគ្គលិកនៃសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ ផងដែរ ។
កម្រងរូបភាព