Dr. SOEURN Visal
នាល្ងាចថ្ងៃសៅរ៍ទី ២៦ ខែមីនា ឆ្នាំ២០១៦ សាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ បានរៀបចំពិធីជប់លៀងបុគ្គលិកប្រចាំឆ្នាំ ដែលមានការចូលរួមជាកិត្តិយសដ៏ខ្ពង់ខ្ពស់ពី លោក សុខ ពុទ្ធីវុធ ប្រធានក្រុមប្រឹក្សាភិបាល លោកគិត ច័ន្ទគ្រឹស្នា សាកលវិទ្យាធិការ សមាជិកក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់ នៃសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ។
គោលបំណងនៃការប្រារព្ធកម្មវិធីនេះគឺ៖
១) អបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ
២) ការជួបជុំ និងបង្កើនភាពស្និតស្នាល រវាងសមាជិកក្រុមគ្រួសារ UP ទាំងអស់
៣) ព្រមទាំងអបអរសាទរលើការរីកចម្រើនរបស់សាកលវិទ្យាល័យ ក៏ដូចជាការខិតខំប្រឹងប្រែងរបស់បុគ្គលិក នៃសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រទាំងអស់ ក្នុងឆ្នាំ២០១៥។
គួរបញ្ជាក់ផងដែរថាក្នុងនោះក៏មានមតិស្វាគមន៍ ពីសំណាក់លោកសាកលវិទ្យាធិការ និងការសម្តែងចំណាប់អារម្មណ៍របស់លោកប្រធានក្រុមប្រឹក្សាភិបាល ផងដែរ។ កម្មវិធីទាំងមូលប្រព្រឹត្តទៅយ៉ាងរលូន ប្រកបដោយភាពសប្បាយរីករាយ។ ក្រោមស្នាមញញឹមញញែមពោរពេញទៅដោយស្មារតីនៃគ្រួសារតែមួយ បានធ្វើឲ្យចំណងមិត្តភាពរបស់បុគ្គលិកទាំងអស់កាន់តែជិតស្និទ្ធរវាងគ្នានឹងគ្នាបន្ថែមទៀត។ ក្នុងពិធីជប់លៀងបុគ្គលិកប្រចាំឆ្នាំនេះ ក៏មានការចែកនូវលិខិតសរសើរជូនដល់បុគ្គលិកឆ្នើមប្រចាំឆ្នាំ ២០១៥ ការប្រគល់លិខិតថ្លែងអំណរគុណនិងលិខិតជូនពរ ជូនដល់ថ្នាក់ដឹកនាំកំពូលនៃសាកលវិទ្យាល័យ មានកម្មវិធីចាប់រង្វាន់ និងការរាំច្រៀងយ៉ាងរីករាយផងដែរ ។
កម្រងរូបភាព