News and events

  • 0
  • 03
  • May
នាពេលកន្លងទៅថ្មីៗនេះ ក្រុមការងាររបស់ សាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ ដែលមានការចូលរួមពី ព្រឹទ្ធបុរសរងមហាវិទ្យាល័យវិទ្យាសាស្ត្រពត៌មានវិទ្យា និងបច្ចេកទេស រួមជាមួយក្រុមអ្នកពត៌មានវិទ្យា បានចុះធ្វើបទបង្ហាញស្តីពី “អត្ថប្រយោជន៍នៃ ការប្រើប្រាស់បច្ចេកវិទ្យាពត៌មានវិទ្យា ក្នុងការបង្រៀននិងការសិក្សា” ជូនដល់លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស នៅ វិទ្យាល័យ ស្អាង ក្នុងស្រុកស្អាង ខេត្តកណ្តាល។ ការធ្វើបទបង្ហាញនេះគឺជាជំហានមួយ ដែលអាចឲ្យលោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស ដែលមានឧបករណ៍ទំនើប (Smart Phone, iPad, laptop,…..) នៅក្នុងដៃយល់កាន់តែច្បាស់ និងអាចទាញយកអត្ថប្រយោជន៍ពីឧបករណ៍ទំនើបទាំងនោះ មកប្រើប្រាស់ក្នុងការងារប្រចាំថ្ងៃ ការបង្រៀន ការសិក្សា ឬការប្រើប្រាស់សំរាប់ការងារផ្ទាល់ខ្លួន បានយ៉ាងងាយស្រួល ។ បទបង្ហាញនេះផ្តោតសំខាន់ទៅលើ ការគ្រប់គ្រងទិន្នន័យ ឯកសារ ឲ្យមានប្រសិទ្ធភាពខ្ពស់ ការប្រើប្រាស់គេហទំព័រផ្សេងៗដែលមានប្រយោជន៍ដល់ការបង្រៀន និងការសិក្សា ៕ កម្រងរូបភាព
  • 0
  • 19
  • Apr
កាលពីថ្ងៃទី ០៨ ខែ មេសា កន្លងទៅនេះ សាកវិទ្យាល័យ ពុទ្ធិសាស្ត្រ បានរៀបចំពិធីអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីជាតិខែ្មរ ឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០ ដែលត្រូវនឹង គ.ស ២០១៦។ នាឱកាសដ៏ឱឡារឹកនេះក៏មានការចូលរួមជាកិត្តិយសអំពីសំណាក់លោកសាកវិទ្យាធិការ គិត ច័ន្ទគ្រឹស្នា ក៏ដូចជាលោក សុខ ពុទ្ធីវុធ ប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ ផងដែ។ គេសង្កេតឃើញថាមាន សិស្សនិស្សិត និង សាធារណជនជាច្រើននាក់បានចូលរួមយ៉ាងច្រើនកុះករគួរឲ្យកត់សម្គាល់។ ក្នុងនោះមាន ការសូត្រមន្ត ការទស្សនានូវទស្សនីយ៍ភាពសប្បាយប្លែកដូចជា ការរាំ ច្រៀង ការសម្តែងក្បាច់គុណ ដែលសម្តែងដោយនិស្សិតនៃសាកវិទ្យាល័យ ពុទ្ធិសាស្ត្រ ។ ក្រៅអំពីនេះអ្នកចូលរួមទាំងអស់បានចូលរួមលេងល្បែងកំសាន្តប្រជាប្រិយខ្មែរ ក៏ដូចជាបានរាំកំសាន្តសប្បាយផងដែរ។ កម្មវិធីទាំងមូលប្រព្រឹត្តិទៅយ៉ាងរលូនហើយបន្សល់ទុកនូវភាពសប្បាយរីករាយយ៉ាងក្រៃលែង ក៏ដូចជាអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបាន។ សាកលវិទ្យាល័យ សង្ឃឹមថាកម្មវិធីនាឆ្នាំក្រោយនឹងកាន់តែមានភាពសប្បាយរីករាយទ្វេដងជាងឆ្នាំនេះទៅទៀត។ កម្រងរូបភាព
  • 0
  • 18
  • Apr
នាព្រឹក ថ្ងៃទី ​០៧ ខែមេសា ឆ្នាំ២០១៦ សាកលវិទ្យាល័យពុទ្ធិសាស្ត្របានរៀបចំ ពិធីបំពាក់ឯកសណ្ឋានពេទ្យ និងការធ្វើសច្ចាប្រណិធាន សម្រាប់និស្សិតមហាវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលចំនួន ១០២ នាក់នៅសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ។ សាកលវិទ្យាល័យពុទ្ធិសាស្ត្រ ប្រារព្ធ ពិធីបំពាក់ឯកសណ្ឋានពេទ្យ និងការធ្វើសច្ចាប្រណិធាននេះឡើងក្នុងគោលបំណង៖ ជំរុញលើកទឹកចិត្តប្អូនៗ ជានិស្សិតមហាវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលឲ្យ​មានការខិតខំសិក្សាស្រាវជ្រាវស្វែងរកចំណេះដឹងនិងជំនាញវិជ្ជាជីវពិតប្រាកដព្រមទាំងប្រកាន់ខ្ជាប់នូវឥរិយាបថល្អ​ និង​ការផ្តល់​តម្លៃមនុស្សធម៌​​​ ចូលរួមដាស់តឿនក្រើនរំលឹកដល់ប្អូនៗជានិស្សិតមហាវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ឱ្យអនុវត្តអាជីពពេទ្យរបស់ខ្លួននាថ្ងៃអនាគតប្រកបដោយមនសិការ កិត្តិយស និងសេចក្តីថ្លៃថ្នូរ និងមាន​ភាពមេត្តាធម៌ទៅលើអ្នកជម្ងឺ និងចូលរួមលើកដម្កើងក្រមសីលធម៌វិជ្ជាជីវៈក្នុងវិស័យសុខាភិបាលអោយកាន់ប្រសើរឡើង។ ពិធីបំពាក់ឯកសណ្ឋានពេទ្យ និងការធ្វើសច្ចាប្រណិធាននេះ ក៏ជាការរួមចំណែកថ្មីមួយទៀត ដល់ការលើកស្ទួយការ បណ្តុះបណ្តាលក្នុងវិស័យសុខាភិបាលផងដែរ។​​ ក្នុងពិធីដ៏មានអត្ថន័យនេះ សាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ ក៏បានចែកប័ណ្ណសរសើរជូនដល់និស្សិតពូកែប្រចាំឆ្នាំ ចំនួន ១០២នាក់​ ដែលមកពីគ្រប់ផ្នែក​ មហាវិទ្យាល័យ នៃសាកលវិទ្យាល័យពុទ្ធិសាស្រ្តផងដែរ។ ​ការចែកជូនប័ណ្ណសរសើរនេះ ជាការសរសើរចំពោះនិស្សិតដែលបានខិតខំរៀនសូត្រកន្លងមក និងជាការលើកទឹកចិត្តដល់និស្សិតពូកែ ព្រមទាំងនិស្សិតទាំងអស់ បន្តការខិតខំប្រឹងប្រែងលើការរៀនសូត្ររបស់ខ្លួនបន្ថែមទៀត​ ក៏ដូចជាចេះចែករម្លែកចំណេះដឹងរបស់ខ្លួនជាមួយមិត្តរួមជំនាន់ និងប្អូនៗនិស្សិតជំនាន់ក្រោយ ដើម្បីចូលរួមអភិវឌ្ឍធនធានមនុស្សឱ្យកាន់តែមានការរីកចំរើនមួយកម្រិតទៀត សម្រាប់ប្រទេសកម្ពុជា។ នៅក្នុងពិធី បំពាក់ឯកសណ្ឋានពេទ្យ និងការធ្វើសច្ចាប្រណិធាននេះ ក៏មានការអញ្ជើញចូលរួមជាគណៈអធិបតី ពីសំណាក់ ឯកឧត្តមសាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល និង លោក សុខ ពុទ្ធីវុធ ប្រធានក្រុមប្រឹក្សា ភិបាល នៃសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ និងចូលរួមជាកិត្តិយសពីសំណាក់សមាជិកក្រុមប្រឹក្សាភិបាល សាកលវិទ្យា- ធិការ គណៈគ្រប់គ្រង សាស្ត្រាចារ្យ និងបុគ្គលិកនៃសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ ផងដែរ ។ កម្រងរូបភាព
  • 0
  • 02
  • Apr
នាល្ងាចថ្ងៃសៅរ៍ទី ២៦ ខែមីនា ឆ្នាំ២០១៦ សាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ បានរៀបចំពិធីជប់លៀងបុគ្គលិកប្រចាំឆ្នាំ ដែលមានការចូលរួមជាកិត្តិយសដ៏ខ្ពង់ខ្ពស់ពី លោក សុខ ពុទ្ធីវុធ ប្រធានក្រុមប្រឹក្សាភិបាល លោកគិត ច័ន្ទគ្រឹស្នា សាកលវិទ្យាធិការ សមាជិកក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់ នៃសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ។ គោលបំណងនៃការប្រារព្ធកម្មវិធីនេះគឺ៖​ ១) អបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ២) ការជួបជុំ និងបង្កើនភាពស្និតស្នាល រវាងសមាជិកក្រុមគ្រួសារ UP ទាំងអស់ ៣) ព្រមទាំងអបអរសាទរលើការរីកចម្រើនរបស់សាកលវិទ្យាល័យ ក៏ដូចជាការខិតខំប្រឹងប្រែងរបស់បុគ្គលិក នៃសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រទាំងអស់ ក្នុងឆ្នាំ២០១៥។ គួរបញ្ជាក់ផងដែរថាក្នុងនោះក៏មានមតិស្វាគមន៍ ពីសំណាក់លោកសាកលវិទ្យាធិការ និងការសម្តែងចំណាប់អារម្មណ៍របស់លោកប្រធានក្រុមប្រឹក្សាភិបាល ផងដែរ។ កម្មវិធីទាំងមូលប្រព្រឹត្តទៅយ៉ាងរលូន ប្រកបដោយភាពសប្បាយរីករាយ។ ក្រោមស្នាមញញឹមញញែមពោរពេញទៅដោយស្មារតីនៃគ្រួសារតែមួយ បានធ្វើឲ្យចំណងមិត្តភាពរបស់បុគ្គលិកទាំងអស់កាន់តែជិតស្និទ្ធរវាងគ្នានឹងគ្នាបន្ថែមទៀត។ ក្នុងពិធីជប់លៀងបុគ្គលិកប្រចាំឆ្នាំនេះ ក៏មានការចែកនូវលិខិតសរសើរជូនដល់បុគ្គលិកឆ្នើមប្រចាំឆ្នាំ ២០១៥ ការប្រគល់លិខិតថ្លែងអំណរគុណនិងលិខិតជូនពរ ជូនដល់ថ្នាក់ដឹកនាំកំពូលនៃសាកលវិទ្យាល័យ មានកម្មវិធីចាប់រង្វាន់ និងការរាំច្រៀងយ៉ាងរីករាយផងដែរ ។ កម្រងរូបភាព