Dr. SOEURN Visal
នាព្រឹក ថ្ងៃទី ១១ ខែ កុម្ភៈ ឆ្នាំ២០១៦ សាកលវិទ្យាល័យពុទ្ធិសាស្ត្រ (UP) និងសាកលវិទ្យាល័យកូរ៉េ (KU) បានរៀបចំសន្និសីទអន្តរជាតិ ស្តីអំពី គម្រោងស្រាវជ្រាវរួមលើប្រធានបទ ” យុទ្ធសាស្ត្ររដ្ឋជាស្ពានតភ្ជាប់-Bridging State Strategy (BSS)” នៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ ដើម្បីធ្វើការចែករំលែក និង ផ្សព្វផ្សាយអំពីលទ្ធផលនៃការស្រាវជ្រាវជូនដល់ស្ថាប័នជាតិ ដែលពាក់ព័ន្ធនឹងការបង្កើតគោលនយោបាយនិងការស្រាវជ្រាវ សហគមន៍អ្នកស្រាវជ្រាវនិងអប់រំនិងភាគីពាក់ព័ន្ធផ្សេងៗ។ គម្រោងស្រាវជ្រាវរួម “យុទ្ធសាស្ត្ររដ្ឋជាស្ពានតភា្ជប់” មានគោលបំណងសិក្សាស្រាវជ្រាវ ដោយផ្តោតលើការផ្តួចផ្តើមគំនិត យុទ្ធសាស្ត្រ ចក្ខុវិស័យ ព្រមទាំងគោលនយោបាយ ដែលអាចជំរុញប្រទេសកម្ពុជាឲ្យក្លាយជា មជ្ឈមណ្ឌលសេដ្ឋកិច្ច និងវប្បធម៌ នៅក្នុងតំបន់អាស៊ាន បន្ទាប់ពីការបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ាន។ គម្រោងស្រាវជ្រាវរួមនេះ ត្រូវបានឧបត្ថម្ភមូលនិធិដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េហៅកាត់ថា KOICA, និងសហការគាំទ្រដោយ សហភាពសហព័ន្ធយុវជនកម្ពុជា (UYFC), និង ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ (CARD)។
នៅក្នុងសន្និសីទអន្តរជាតិនេះ ក៏មានការអញ្ជើញចូលរួមជាអធិបតី ពីសំណាក់ឯកឧត្តម Won-Jin Kim ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា ឯកឧត្តម ហ៊ុនម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក សុខ ពុទ្ធីវុធ ប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ ឯកឧត្តមបណ្ឌិត សុខ ស៊ីឡូ អគ្គលេខាធិការរង នៃក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ និង លោកស្រី Hyang-Rye song នាយិការងនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ព្រមទាំងមានការចូលរួមជាកិត្តិយស ពីក្រុមអ្នកស្រាវជ្រាវ សាស្ត្រាចារ្យ និង ថ្នា្កក់ដឹកនាំសាកលវិទ្យាល័យនិង វិទ្យាស្ថាននានា។
សូមបញ្ជាក់ថា គម្រោងស្រាវជ្រាវរួម “យុទ្ធសាស្ត្ររដ្ឋជាស្ពានតភា្ជប់”នេះ បានចាប់ផ្តើមតាំងពីខែមេសា ឆ្នាំ២០១៥ ដោយផ្តល់ឱកាសស្រាវជ្រាវ ដល់ក្រុមអ្នកស្រាវជ្រាវកម្ពុជា ដើម្បីពង្រឹង និងពង្រីកសមត្ថភាពស្រាវជ្រាវរបស់ខ្លួន និង ដើម្បីចូលរួមផលិតឯកសារមូលដ្ឋាន សម្រាប់គាំទ្រដល់ការបង្កើតគោលនយោបាយ របស់រដ្ឋាភិបាលកម្ពុជា។ គម្រោងស្រាវជ្រាវរួមនេះ បានផ្តោតលើការស្រាវជ្រាវក្នុងតំបន់មួយចំនួន ដោយតភ្ជាប់ពីខេត្តព្រះសីហនុ រាជធានីភ្នំពេញ និង ខេត្តសៀមរាប ដែលជាតំបន់យុទ្ធសាស្ត្រស្នូលដើម្បីការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា និងអាចធ្វើឲ្យកម្ពុជាដើរតួនាទីជាស្ពានតភ្ជាប់ក្នុងតំបន់អាស៊ីអាគ្នេយ៍។ គម្រោងស្រាវជ្រាវរួមនេះ បានផ្តោតលើការវិភាគកត្តាភូមិសាស្ត្រសេដ្ឋកិច្ច ការបង្កើតរចនាសម្ព័ន្ធ ICT ឧស្សាហូបនីយកម្ម ទេសចរណ៍ និង វប្បធម៌ ដែលធ្វើឡើងដោយការសហការគ្នា រវាងក្រុមអ្នកស្រាវជ្រាវជនជាតិកូរ៉េ និងជនជាតិខ្មែរ។
កម្រងរូបភាព