Day

  • 0
  • 01
  • Apr
នាព្រឹក ថ្ងៃទី​៣១ ខែមីនា ឆ្នាំ២០១៧ សាកលវិទ្យាល័យពុទ្ធិសាស្ត្របានរៀបចំពិធី បំពាក់ឯកសណ្ឋានពេទ្យ និងការធ្វើសច្ចាប្រណិធាន សម្រាប់និស្សិតមហាវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលចំនួន ៥១៧ នាក់នៅសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រដោយមានការចូលរួមជាគណៈអធិបតីពីសំណាក់សមាជិកក្រុមប្រឹក្សាភិបាល សាកលវិទ្យាធិការរង គណៈគ្រប់គ្រង សាស្ត្រាចារ្យ និងបុគ្គលិកនៃសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ ផងដែរ ។ ជាលើកទី២ ដែលសាកលវិទ្យាល័យពុទ្ធិសាស្រ្ត បានរៀបចំពិធីបំពាក់ឯកសណ្ឋានពេទ្យ និងការធ្វើសច្ចាប្រណិធាន សម្រាប់និស្សិត នៅក្នុងមហាវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។ គួរបញ្ជាក់ផងដែរក្នុងឆ្នាំ ២០១៦ និស្សិត ១១១៥នាក់នៅក្នុងមហាវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នៃសាកលវិទ្យាល័យពុទ្ធិសាស្ត្របានចូលរួមក្នុងពិធីដ៏មានអត្ថន័យនេះ ដោយឡែកនៅឆ្នាំ ២០១៧ នេះនិស្សិតឆ្នាំសិក្សាមូលដ្ឋានទាំងអស់ត្រូវបានអញ្ជើញឲ្យចូលរួម។ គោលបំណងដែលសាកលវិទ្យាល័យពុទ្ធិសាស្ត្រ ប្រារព្ធពិធីបំពាក់ឯកសណ្ឋានពេទ្យ និងការធ្វើសច្ចាប្រណិធាននេះឡើងគឺដើម្បី៖ ជំរុញលើកទឹកចិត្តប្អូនៗ ជានិស្សិតមហាវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលឲ្យ​មានការខិតខំសិក្សាស្រាវជ្រាវស្វែងរកចំណេះដឹងនិងជំនាញវិជ្ជាជីវពិតប្រាកដព្រមទាំងប្រកាន់ខ្ជាប់នូវឥរិយាបថល្អ​ និង​ការផ្តល់​តម្លៃមនុស្សធម៌​​​ ចូលរួមដាស់តឿនក្រើនរំលឹកដល់ប្អូនៗជានិស្សិតមហាវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល  ឱ្យអនុវត្តអាជីពពេទ្យរបស់ខ្លួននាថ្ងៃអនាគតប្រកបដោយមនសិការ កិត្តិយស និងសេចក្តីថ្លៃថ្នូរ មាន​ភាពមេត្តាធម៌ទៅលើអ្នកជម្ងឺ និងចូលរួមលើកដម្កើងក្រមសីលធម៌វិជ្ជាជីវៈក្នុងវិស័យសុខាភិបាលអោយកាន់ប្រសើរឡើង។ ពិធីបំពាក់ឯកសណ្ឋានពេទ្យ និងការធ្វើសច្ចាប្រណិធាននេះ ក៏ជាការរួមចំណែកថ្មីមួយទៀត ដល់ការលើកស្ទួយការ    បណ្តុះបណ្តាលក្នុងវិស័យសុខាភិបាលផងដែរ។​​ ក្នុងពិធីដ៏មានអត្ថន័យនេះ សាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ ក៏បានប្រគល់វិញ្ញាបនបត្រដល់និស្សិតផ្នែកទន្តសាស្ត្រជំនាន់ទី១ចំនួន ៤៥នាក់ដែលបានបញ្ចាប់ការសិក្សារយៈពេល៥ឆ្នាំទទួលបានវិញ្ញាបនបត្រថ្នាក់បរិញ្ញាបត្រទន្តសាស្ត្រ ការប្រគល់វិញ្ញាបន- បត្រនេះ ដើម្បីលើកទឹកចិត្តដល់និស្សិតក្នុងការសិក្សា និងអាចឲ្យនិស្សិតប្រើប្រាស់វិញ្ញាបនបត្រតាមការចាំបាច់របស់ពួកគាត់។ បន្ទាប់មកសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រក៏មានពិធីចែកប័ណ្ណសរសើរជូនដល់និស្សិតពូកែប្រចាំឆ្នាំ ចំនួន ១១៥នាក់​ ដែលមកពីគ្រប់មហាវិទ្យាល័យ នៃសាកលវិទ្យាល័យពុទ្ធិសាស្រ្តផងដែរ​ ។ ​ការចែកជូនប័ណ្ណសរសើរនេះ ជាការសរសើរចំពោះនិស្សិតដែលបានខិតខំរៀនសូត្រកន្លងមក និងជាការលើកទឹកចិត្តដល់និស្សិតពូកែ ព្រមទាំងនិស្សិតទាំងអស់ បន្តការខិតខំប្រឹងប្រែងលើការរៀនសូត្ររបស់ខ្លួនបន្ថែមទៀត​ ក៏ដូចជាចេះចែករម្លែកចំណេះដឹងរបស់ខ្លួនជាមួយមិត្តរួមជំនាន់ និងប្អូនៗនិស្សិតជំនាន់ក្រោយ ដើម្បីចូលរួមអភិវឌ្ឍធនធានមនុស្សឱ្យកាន់តែមានការរីកចំរើនមួយកម្រិតទៀត សម្រាប់ប្រទេសកម្ពុជា ។ កម្រងរូបភាព