Year

  • 0
  • 10
  • Mar
នារសៀលថ្ងៃទី២៥ខែកុម្ភៈឆ្នាំ២០១៦សាកលវិទ្យាធិការនៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រលោកគិតច័ន្ទគ្រឹស្នាបានជួបសំណេះសំណាលជាមួយនាយកប្រតិបត្តិនៃអង្គការEngineering World Health(EWH)ប្រទេសអូស្ត្រាលីលោកស្រីបណ្ឌិតLeslie J. Calman។ នៅក្នុងជំនួបនេះលោកស្រីបណ្ឌិតនាយកប្រតិបត្តិនៃអង្គការEWH បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកសាកលវិទ្យាធិការនិងគណ:គ្រប់គ្រងនៃសាកលវិទ្យាល័យដែលបានសហការនិងធ្វើការសម្របសម្រួលដល់ក្រុមនិស្សិតផ្នែកវិស្វកម្មបរិក្ខារជីវវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ New South Wales ប្រទេសអូស្ត្រាលី មកចុះកម្មសិក្សា នៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ និងមន្ទីរពេទ្យបង្អែកនានានៅកម្ពុជា។ ក្រុមនិស្សិតអូស្ត្រាលីមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងជាមួយនឹងការសិក្សាភាសាខ្មែរនិងការចូលរួមសកម្មភាពនានារបស់សាកលវិទ្យាល័យពុទិ្ធសាស្ត្រជាពិសេសបានទទួលនូវបទពិសោធន៏ជាក់ស្តែងក្នុងការអនុវត្តន៏នៅតាមមន្ទីរពេទ្យនានា។ ទន្ទឹមនឹងនេះផងដែរលោកសាកលវិទ្យាធិការក៏បានថ្លែងអំណរគុណដល់លោកស្រីបណ្ឌិតនិងអង្គការEWH ដែលបានគាំទ្រយ៉ាងខ្លាំងផ្នែកបច្ចេកទេសលើការបណ្តុះបណ្តាលកម្មវិធីBMET (Biomedical Equipment Technology) នៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ។ ភាគីទាំងពីរសង្ឃឹមថាកម្មវិធីកម្មសិក្សានេះនឹងបន្តមាននៅឆ្នាំខាងមុខទៀតនិងប្តេជ្ញាបន្តពង្រឹងនិងពង្រីក នូវកិច្ចសហប្រតិបត្តិការទ្វេរភាគីប្រកបដោយប្រសិទ្ធភាព។ កម្រងរូបភាព
  • 0
  • 15
  • Feb
នាព្រឹក ថ្ងៃទី ១១ ខែ កុម្ភៈ ឆ្នាំ២០១៦ សាកលវិទ្យាល័យពុទ្ធិសាស្ត្រ (UP) និងសាកលវិទ្យាល័យកូរ៉េ (KU) បានរៀបចំសន្និសីទអន្តរជាតិ ស្តីអំពី គម្រោងស្រាវជ្រាវរួមលើប្រធានបទ ” យុទ្ធសាស្ត្ររដ្ឋជាស្ពានតភ្ជាប់-Bridging State Strategy (BSS)” នៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ ដើម្បីធ្វើការចែករំលែក និង ផ្សព្វផ្សាយអំពីលទ្ធផលនៃការស្រាវជ្រាវជូនដល់ស្ថាប័នជាតិ ដែលពាក់ព័ន្ធនឹងការបង្កើតគោលនយោបាយនិងការស្រាវជ្រាវ សហគមន៍អ្នកស្រាវជ្រាវនិងអប់រំនិងភាគីពាក់ព័ន្ធផ្សេងៗ។ គម្រោងស្រាវជ្រាវរួម “យុទ្ធសាស្ត្ររដ្ឋជាស្ពានតភា្ជប់” មានគោលបំណងសិក្សាស្រាវជ្រាវ ដោយផ្តោតលើការផ្តួចផ្តើមគំនិត យុទ្ធសាស្ត្រ ចក្ខុវិស័យ ព្រមទាំងគោលនយោបាយ ដែលអាចជំរុញប្រទេសកម្ពុជាឲ្យក្លាយជា មជ្ឈមណ្ឌលសេដ្ឋកិច្ច និងវប្បធម៌ នៅក្នុងតំបន់អាស៊ាន បន្ទាប់ពីការបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ាន។ គម្រោងស្រាវជ្រាវរួមនេះ ត្រូវបានឧបត្ថម្ភមូលនិធិដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េហៅកាត់ថា KOICA, និងសហការគាំទ្រដោយ សហភាពសហព័ន្ធយុវជនកម្ពុជា (UYFC), និង ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ (CARD)។ នៅក្នុងសន្និសីទអន្តរជាតិនេះ ក៏មានការអញ្ជើញចូលរួមជាអធិបតី ពីសំណាក់ឯកឧត្តម Won-Jin Kim ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា ឯកឧត្តម ហ៊ុនម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក សុខ ពុទ្ធីវុធ ប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ ឯកឧត្តមបណ្ឌិត សុខ ស៊ីឡូ អគ្គលេខាធិការរង នៃក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ និង លោកស្រី Hyang-Rye song នាយិការងនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ព្រមទាំងមានការចូលរួមជាកិត្តិយស ពីក្រុមអ្នកស្រាវជ្រាវ សាស្ត្រាចារ្យ និង ថ្នា្កក់ដឹកនាំសាកលវិទ្យាល័យនិង វិទ្យាស្ថាននានា។ សូមបញ្ជាក់ថា គម្រោងស្រាវជ្រាវរួម “យុទ្ធសាស្ត្ររដ្ឋជាស្ពានតភា្ជប់”នេះ បានចាប់ផ្តើមតាំងពីខែមេសា ឆ្នាំ២០១៥ ដោយផ្តល់ឱកាសស្រាវជ្រាវ ដល់ក្រុមអ្នកស្រាវជ្រាវកម្ពុជា ដើម្បីពង្រឹង និងពង្រីកសមត្ថភាពស្រាវជ្រាវរបស់ខ្លួន និង ដើម្បីចូលរួមផលិតឯកសារមូលដ្ឋាន សម្រាប់គាំទ្រដល់ការបង្កើតគោលនយោបាយ របស់រដ្ឋាភិបាលកម្ពុជា។ គម្រោងស្រាវជ្រាវរួមនេះ បានផ្តោតលើការស្រាវជ្រាវក្នុងតំបន់មួយចំនួន ដោយតភ្ជាប់ពីខេត្តព្រះសីហនុ រាជធានីភ្នំពេញ និង ខេត្តសៀមរាប ដែលជាតំបន់យុទ្ធសាស្ត្រស្នូលដើម្បីការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា និងអាចធ្វើឲ្យកម្ពុជាដើរតួនាទីជាស្ពានតភ្ជាប់ក្នុងតំបន់អាស៊ីអាគ្នេយ៍។ គម្រោងស្រាវជ្រាវរួមនេះ បានផ្តោតលើការវិភាគកត្តាភូមិសាស្ត្រសេដ្ឋកិច្ច ការបង្កើតរចនាសម្ព័ន្ធ ICT ឧស្សាហូបនីយកម្ម ទេសចរណ៍ និង វប្បធម៌ ដែលធ្វើឡើងដោយការសហការគ្នា រវាងក្រុមអ្នកស្រាវជ្រាវជនជាតិកូរ៉េ និងជនជាតិខ្មែរ។ កម្រងរូបភាព