Year

  • 0
  • 21
  • Oct
មកជួបជាមួយនឹង កញ្ញា អ៊ុនសុវលក្ខណ៍ បច្ចុប្បន្នជានិស្សិត ជំនាញ ឱសថសាស្ត្រ នៃសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ ចែករំលែកបទពិសោធន៍មួយចំនួនទាក់ទងទៅនឹងការចូលរួមការងារស្ម័គ្រចិត្ត។ ប្រសិនបើរំឮកទៅដល់ដំណើរដើមទងនៃការស្ម័គ្រចិត្ត កញ្ញាវលក្ខណ៍បានបញ្ជាក់ប្រាប់ថា ៖ “ ជាទូទៅ នៅសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ គឺមានជា គម្រោងផ្សេងៗ ជាច្រើនដែលអាចឲ្យនិស្សិតមានឱកាសចូលរួម។ ក្នុងនោះផងដែរ ខ្ញុំក៏បានចូលរួមនៅក្នុងគម្រោងមួយដែលមានឈ្មោះថា Pacific Angel 16“ ។ និស្សិតវ័យក្មេង នៃសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ រូបនេះក៏បានបង្ហើបទៀតផងដែថា នៅក្នុងគម្រោងនេះគឺកញ្ញាមានតួនាទីធ្វើជាអ្នកបកប្រែ ដើម្បីសម្របសម្រួលជាមួយនឹងក្រុមការងារដែលជាជនជាតិបរទេសដែលមិនចេះភាសាខ្មែរ។ គួរបញ្ជាក់ផងដែរថា នៅក្នុងគម្រោងនេះក៏មានការចូលរួមអំពីសំណាក់បណ្តាទាហានមកពី អូស្ត្រាលី វៀតណាម និង ថៃ ផងដែរ។ ឆ្លងកាត់នូវការចូលរួមសកម្មភាព ស្ម័គ្រចិត្ត នៅក្នុងគម្រោងនេះ គឺកញ្ញា ក៏ទទួលបាននូវបទពិសោធន៍មួយចំនួនផងដែរ នៅក្នុងនោះមានដូចជា៖​ អាចមានឱកាសធ្វើការងារជាក្រុម ជាមួយនឹងជនជាតិបរទេស ក៏ដូចជាមនុស្សថ្មីៗផ្សេងៗទៀត មានឱកាសបានចុះអនុវត្តកិច្ចការមួយចំនួនដែលទាក់ទងទៅនឹងមុខជំនាញដែលខ្លួនកំពុងសិក្សា មានឱកាសបានសិក្សាស្វែងយល់នូវស្ថានភាពសុខភាពអ្នកជំងឺនៅតាមសហគមន៍ មានឱកាសអនុវត្តភាសាអង់គ្លេសរបស់ខ្លួនឲ្យកាន់តែប្រសើរជាងមុន ពង្រឹងជំនាញទន់ ជាធម្មតានៅពេលដែលកញ្ញាចុះទៅតាមគម្រោងម្តងៗ វាក៏មានផលប៉ះពាល់ដល់ការសិក្សាផងដែរ ពោលគឺត្រូវខាតម៉ោងសិក្សាលើមុខវិជ្ជាមួយចំនួនដែរ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយកញ្ញាព្យាយាមយ៉ាងណាដែលមិនធ្វើឲ្យប៉ះពាល់ខ្លាំងដល់ការសិក្សានោះទេ។ យុវតី សម្បុរសរូបនេះ ក៏បានធ្វើការសង្កត់ធ្ងន់ទៅលើអត្ថប្រយោជន៍នៃការស្ម័គ្រចិត្តនេះផងដែរថា៖ “ ប្រសិនបើយើងចង់ទទួលបានជោគជ័យនាពេលអនាគត យើងគួរគប្បីចេះខិតខំសិក្សារៀនសូត្រទាំងជំនាញដែលយើងកំពុងតែសិក្សា និង ត្រូវចេះឆ្លៀតសិក្សាបន្ថែមនូវ ជំនាញទន់មួយទៀតនោះគឺកាន់តែប្រសើរខ្លាំងមែនទែន ។ ជំនាញទន់គឺជាកត្តាសំខាន់ខ្លាំងមិនអាចខ្វះបាន ដោយសារតែវាជាកម្លាំងចលករមួយធ្វើឲ្យបុគ្គលគ្រប់រូបអាចធ្វើកិច្ចការងារ ឬ ក៏ប្រាស្រ័យទាក់ទងជាមួយនឹងអ្នកដទៃបានកាន់តែប្រសើរ “​ ។ កញ្ញាបានចាប់ផ្តើមធ្វើការងារស្ម័គ្រចិត្តតាំងពី កញ្ញា រៀននៅឆ្នាំទី​មួយមកម្លេះ ដោយសារតែកញ្ញាមានចំណាប់អារម្មណ៍នឹងការងារស្ម័គ្រចិត្តស្រាប់។ កញ្ញាបានបញ្ជាក់ថា ៖ “ ខ្ញុំដំបូងចាប់ផ្តើមធ្វើការងារស្ម័គ្រចិត្ត នៅក្នុងក្លឹបតស៊ូមតិនៅក្នុងសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ។ ដំបូងខ្ញុំមិនបានធ្វើការងារអីធំដុំនោះទេ គឺជាការងារតូចតាចដូចជា កិបក្រដាស លើកតុ រៀបចំបន្ទប់ ។ លុះក្រោយមកទៀត ក្រុមរៀមច្បងបានឲ្យខ្ញុំជួយកិច្ចការងាររបស់គាត់មួយចំនួន ដែលទាក់ទងជាមួយនឹងកិច្ចការងារនៅក្នុងក្លឹប ” អមជាមួយនឹងស្នាមញញឹម យុវតីសម្បុរសរូបនេះក៏បានបញ្ជាក់ផងដែរថា “ នៅពេលដែលខ្ញុំស៊ាំជាមួយនឹងការងារតូចតាចរួចមក ខ្ញុំចាប់ផ្តើមចូលរួមនៅក្នុងកិច្ចការងារនៅក្នុងក្រុមតស៊ូមតិ រហូតបានកាន់ដំណែងជាប្រធានក្លឹប តស៊ូមតិផ្ទាល់ចាប់ពីឆ្នាំ ២០១៤​ រហូតដល់ ២០១៥ ។​ កញ្ញាបានបញ្ជាក់ផងដែរ ការស្ម័គ្រចិត្តគឺមិនអត់ប្រយោជន៍នោះទេ ពោលគឺនៅពេលដែលបានចូលរួមកិច្ចការងារស្ម័គ្រចិត្ត គឺយើងចេះប្រើប្រាស់ពេលវេលារបស់យើងឲ្យមានប្រយោជន៍នៅក្នុងកិច្ចការងារជួយ អ្នកដទៃ ក៏ដូចសង្គមផងដែរ។ ស្ថិតនៅក្នុងសំឡេងស្រាលៗ វលក្ខណ៍ ក៏បន្តទៀតថា ៖ “ យើងចាប់ផ្តើមពីកិច្ចការបន្តិចបន្តួចទៅ កុំប្រកាន់ ពីព្រោះថា កិច្ចការងារតូចតាចប៉ុណ្ណាក៏តែងតែបង្រៀនយើងនូវអ្វីមួយដែលថ្មី។ លើសពីនេះទៅទៀត ប្រសិនបើថ្ងៃណាមួយយើងបានក្លាយទៅជាអ្នកដឹកនាំគេ នោះយើងនឹងក្លាយជាមនុស្សម្នាក់ដែលមានសក្តានុពលនៅក្នុងការគ្រប់គ្រងអ្នកដទៃ។ […]
  • 0
  • 05
  • Oct
ប្រសិនបើយើងក្រលេកមកមើលយុវជនវ័យក្មេងកម្ពុជានាពេលបច្ចុប្បន្ន គឺសង្កេតឃើញថា សន្ទុះនៃការចូលរួមសកម្មភាពស្ម័គ្រចិត្តមានការកើនឡើងជាលំដាប់គួរឲ្យកត់សម្គាល់។ ពួកគាត់ងាកមកចាប់អារម្មណ៍នូវការស្ម័គ្រចិត្តផ្សេងៗគឺដោយសារតែ ការងារនេះបានបង្រៀននិងបានធ្វើឲ្យគាត់បានទទួលនូវចំណេះដឹងថ្មីៗដែលពួកគាត់មិនដែលនឹងរំពឹងទុកពីមុនមក។ នៅក្នុងចំណោមយុវជនវ័យក្មេងជាច្រើននាក់ដែលមានឆន្ទៈនៅក្នុងការចូលរួមសកម្មភាពស្ម័គ្រចិត្ត កញ្ញា ម៉ា រោចន វឌ្ឍិនី ក៏ជានិស្សិតវ័យក្មេងមួយរូបដែលមានឆន្ទៈខ្ពស់នៅក្នុងការចូលរួមនៅក្នុងសកម្មភាពស្ម័គ្រផ្សេងៗផងដែរ។ បច្ចុប្បន្ន កញ្ញា ម៉ា រោចន វឌ្ឍិនី ជានិស្សិតឆ្នាំទី ២ ជំនាញ វេជ្ជសាស្ត្រ នៃសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ បានលើកឡើងនូវគុណសម្បត្តិមួយចំនួនដែលយុវជនវ័យក្មេងគួរតែប្រឡូកនៅក្នុងសកម្មភាពស្ម័គ្រចិត្តផ្សេងៗឲ្យបានច្រើន។ យុវតីសម្បុរស្រអែមរូបនេះ បានលើកឡើងថា ការងារស្ម័គ្រចិត្តបានបង្រៀនគាត់ឲ្យមានភាពក្លាហាន ចេះលត់ដំខ្លួន និង ចេះជំនាញទន់ច្រើនជាងមុន (ពិសេសផ្តោតលើការទំនាក់ទំនង និង ការធ្វើការងារក្រុម) ។ ពេលរំឮកទៅដល់ការផ្តើមធ្វើការងារស្ម័គ្រចិត្ត កញ្ញាញញឹមបណ្តើរនិយាយបណ្តើរ រូចបញ្ជាក់ថា ៖ “ សម្រាប់ខ្លួន ខ្ញុំផ្ទាល់គឺស្រលាញ់ការងារស្ម័គ្រចិត្តតាំងពីដើមមក៍! ជាក់ស្តែងនៅក្នុងសាកលវិទ្យាល័យពុទ្ធិសាស្ត្រ ក៏មានផ្តល់ឱកាសឲ្យនិស្សិតអាចចូលរូមនៅក្នុងការងារស្ម័គ្រចិត្តនៅតាមគម្រោង(Project)ផ្សេងៗជាច្រើន។ បន្ទាប់មក ខ្ញុំក៏ចាប់អារម្មណ៍ហើយបានធ្វើការដាក់ពាក្យសុំចូលស្ម័គ្រចិត្តនៅក្នុងគម្រោងមួយ។ គម្រោងដំបូងដែលខ្ញុំបានធ្វើការស្ម័គ្រចិត្តគឺមានឈ្មោះថា Project Sabay ។ នៅក្នុងគម្រោងនេះផងដែរ ខ្ញុំមានតួនាទីធ្វើជាជំនួយការរបស់ដុកទ័រ និង គ្រូពេទ្យ ជនជាតិ សិង្ហបុរី ដែលពេលខ្លះត្រូវជួយពួកគាត់ទៅលើការបកប្រែភាសាខ្មែរជាមួយនឹងបងប្អូនប្រជាពលរដ្ឋដែលមកពិនិត្យសុខភាព។” ឈប់បន្តិច និស្សិតវ័យក្មេងរូបនេះក៏បានបង្ហើបប្រាប់ពីគុណសម្បត្តិនៃការចូលរួមនៅក្នុងគម្រោងនេះដូចជា ៖ អាចសិក្សារៀនសូត្រពីសំណាក់ដុកទ័រ និង គ្រូពេទ្យបរទេស ធ្វើការងារជាក្រុម និង ទទួលបានបទពិសោធន៍ថ្មី ចេះប្រាស្រ័យទាក់ទងជាមួយអ្នកដទៃដែលយើងមិនដែលស្គាល់ មានឱកាសអនុវត្តទៅលើមុខវិជ្ជាដែលខ្លួនកំពុងតែសិក្សា មានឱកាសបានស្វែងយល់អំពីបញ្ហាសុខភាពរបស់បងប្អូនប្រជាពលរដ្ឋនៅតំបន់ដែលខ្លួនទៅ បង្កើតមិត្តភាពជាមួយនឹងក្រុមការងារស្ម័គ្រចិត្តដូចគ្នា (ទាំងខ្មែរ ទាំងបរទេស) ចេះធ្វើការងារពេលចុះទៅតាមសហគមន៍ (ដំណើរការនៃការពិនិត្យសុខភាពទាំងស្រុង) ប្រសិនបើយើងជាមនុស្សម្នាក់ដែលអៀន នោះយើងនឹងមានភាពក្លាហានជាងមុន ​ទន្ទឹមនឹងគុណសម្បត្តិនៃការស្ម័គ្រចិត្តដូចដែលបានរៀបរាប់ វឌ្ឍិនី ក៏បានបញ្ជាក់ផងដែរថា ៖ “ ក្នុងនោះក៏មានគុណវិបត្តិមួយចំនួនផងដែរ ដូចជា៖ អាចប៉ះពាល់ម៉ោងសិក្សាតិចតួច នឿយហត់ ជាដើម ប៉ុន្តែបញ្ហាទាំងនេះមិនសូវជាប៉ះពាល់ធ្ងន់ធ្ងរប៉ុន្មានទេ គឺដោយសារតែខ្ញុំអាចគ្រប់គ្រងលើវាបាន ហើយគ្រប់ពេលដែលខ្ញុំបានធ្វើកិច្ចការទាំងអស់នេះ បើទោះបីជាគ្មានទទួលបានប្រាក់កំរ៉ៃអ្វីក៏ដោយក៏ខ្ញុំមានអារម្មណ៍ថា សប្បាយចិត្តខ្លាំងណាស់ ។” និស្សិតមានដើមកំណើតនៅទីក្រុងភ្នំពេញរូបនេះ ក៏បានប្រាប់ពីគោលដៅនាពេលអនាគតរបស់ខ្លួនដូច្នេះថា ៖ “ នាថ្ងៃអនាគត ខ្ញុំចង់បើកមណ្ឌលចាស់ជរាមួយកន្លែង ដោយហេតុថា ពេលដល់វ័យចាស់ជរាសុខភាពរបស់លោកតា លោកយាយភាគច្រើន កាន់តែទ្រុឌទ្រោម ដូច្នេះពួកគាត់ត្រូវតែទទួលបាននូវការមើលថែទាំយ៉ាងដិតដល់ ។ ហេតុផលម្យ៉ាងទៀត គឺដោយសារតែមណ្ឌលនេះពុំទាន់មានបង្កើតនៅក្នុងប្រទេសកម្ពុជានៅឡើយទេ ខ្ញុំសង្ឃឹមថា ការរំពឹងទុកនេះគឺអាចសម្រេចបាននាពេលអនាគត។” ក្នុងនាមជាយុវជនម្នាក់ កញ្ញា សូមលើកទឹកចិត្តទៅដល់យុវជនផ្សេងៗទៀតដែល ពុំទាន់បានប្រឡូកនៅក្នុងការស្ម័គ្រចិត្តសូមឲ្យចាប់ផ្តើមធ្វើការស្ម័គ្រចិត្តបណ្តើរៗ ដើម្បីការផ្លាស់ប្តូរជាវិជ្ជាមាននាពេលបច្ចុប្បន្ននិងពេលអនាគត។  
  • 0
  • 27
  • Sep
នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ គណៈគ្រប់គ្រងសាកលវិទ្យាល័យពុទ្ធិសាស្រ្តបានចែករំលែកនូវបទពិសោធន៍ ក៏ដូចជាដំបូន្មានមួយចំនួនទៅដល់និស្សិតដែលត្រៀមចុះកម្មសិក្សានៅក្រៅប្រទេសមានដូចជា៖ និស្សិតផ្នែកវេជ្ជសាស្រ្តនិងបច្ចេកទេសមន្ទីរពិសោធន៍ចំនួន ២០រូប នឹងចុះកម្មសិក្សានៅសាកលវិទ្យាល័យ Khon Kaen ព្រះរាជាណាចក្រថៃ ចាប់ពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ ដល់ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ និស្សិតផ្នែកឱសថសាស្រ្តនិងបច្ចេកទេសមន្ទីរពិសោធន៍ចំនួន១១រូប នឹងធ្វើដំណើរទស្សនកិច្ចសិក្សានៅ​ International University Health and Welfare ប្រទេសជប៉ុន ចាប់ពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ ដល់ថ្ងៃទី ១ ខែតុលា ឆ្នាំ២០១៦ និស្សិតផ្នែកបច្ចេកទេសមន្ទីរពិសោធន៍ចំនួន ៦រូប នឹងចុះកម្មសិក្សានៅ University of Medicine and Pharmacy, Ho Chi Minh ប្រទេសវៀតណាម ចាប់ពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ ដល់ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ និស្សិតផ្នែកវេជ្ជសាស្រ្តចំនួន ៦រូប នឹងចុះកម្មសិក្សានៅសាកលវិទ្យាល័យ Chiang Mai ព្រះរាជាណាចក្រថៃ ចាប់ពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦ តាំងនាមឲ្យសាកលវិទ្យាល័យពុទ្ធិសាស្រ្តសូមជូនពរឲ្យនិស្សិតទាំងអស់ធ្វើដំណើរដោយសុវត្ថិភាព ក៏ដូចជាទទួលបានចំនេះដឹង និងជោគជ័យក្នុងដំណើរចុះកម្មសិក្សានេះ។ កម្រងរូបភាព
  • 0
  • 23
  • Sep
នាព្រឹកថ្ងៃសៅរ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០១៦ លោក ឡុង សុផេង សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យពុទ្ធិសាស្រ្ត ជាតំណាងលោកសាកលវិទ្យាធិការ បានចូលរួមជាវាគ្មិនកិត្តិយសក្នុងកម្មវិធី “ការតម្រង់ទិសលើមុខជំនាញថ្នាក់ឧត្តមសិក្សា ” នៅមជ្ឈមណ្ឌលសហប្រត្តិបត្តិការកម្ពុជា-ជប៉ុន(CJCC) ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា។ លោកសាកលវិទ្យាធិការរងបានចែករំលែកបទពិសោធន៍ និង ផ្តល់ដំបូន្មានល្អៗដល់ប្អូនៗសិស្សានុសិស្ស ដែលទើបប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាពេលថ្មីៗ ក្នុងការជ្រើសរើសយកមុខជំនាញមួយដ៍សមស្រប សម្រាប់បន្តការសិក្សានៅកម្រិតឧត្តមសិក្សា។ សូមបញ្ជាក់ផងដែរថា សាកលវិទ្យាល័យពុទ្ធិសាស្រ្ត ក៏ជាអ្នកឧបត្ថម្ភធំ ក្នុងកម្មវិធីនេះផងដែរ ។ កម្រងរូបភាព
  • 0
  • 23
  • Sep
នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ សាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ បានប្រារព្ធពិធីប្រគល់សញ្ញាបត្រ ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជូនដល់និសិ្សតជ័យលាភីចំនួន១.៦៩៤នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅសណ្ឋាគារសុខាភ្នំពេញ។ នាឱកាសនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា បានវាយតម្លៃខ្ពស់ និងសរសើរ ដល់កិច្ចខិតខំប្រឹងប្រែង របស់សាកលវិទ្យាល័យ ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស និង ចូលរួមក្នុងកិច្ចការសង្គម។ សម្តេចអគ្គមហាសេនាបតីតេជោ ក៏បានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ ក្នុងការប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភីពូកែ ប្រចាំជំនាន់នីមួយៗ ចំនួន ៣៦នាក់ផងដែរ ។ បន្ទាប់ពីសម្តេចអគ្គមហាសេនាបតីតេជោបានអញ្ជើញនិវត្តន៌ សាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ ក៏បានទទួលកិត្តិយសពី លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា តំណាង ឯកឧត្តមបណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ជាអធិបតី ក្នុងការប្រគល់សញ្ញាបត្របន្ត ដល់និស្សិតពូកែ ប្រចាំសាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត បន្ថែមចំនួន ៥១នាក់ ហើយ ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធានក្រុមប្រឹក្សាភិបាល និង លោក គិត ច័ន្ទគ្រឹស្នា សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ ក៏បានប្រគល់សញ្ញាបត្រជានិមិត្តរូបជូនដល់និស្សិតជ័យលាភីដទៃទៀតគ្រប់ៗគ្នា ។ សូមបញ្ជាក់ផងដែរថា សាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៧ និងទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលឱ្យធ្វើការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យសុខាភិបាលនៅឆ្នាំ២០១១ ដែលបច្ចុប្បន្នគឺជាសាកលវិទ្យាល័យឯកជនឈានមុខគេមួយក្នុងប្រទេស។ សាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ បានប្រកាន់ខ្ជាប់នូវគុណតម្លៃបីរបស់ខ្លួន ក្នុងការអប់រំនិស្សិត និង ការដឹកនាំសាកលវិទ្យាល័យគឺ គោរពខ្លួនឯង គោរពអ្នកដទៃ អភិវឌ្ឍសង្គម៕ កម្រងរូបភាព