Day

  • 0
  • 21
  • Oct
មកជួបជាមួយនឹង កញ្ញា អ៊ុនសុវលក្ខណ៍ បច្ចុប្បន្នជានិស្សិត ជំនាញ ឱសថសាស្ត្រ នៃសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ ចែករំលែកបទពិសោធន៍មួយចំនួនទាក់ទងទៅនឹងការចូលរួមការងារស្ម័គ្រចិត្ត។ ប្រសិនបើរំឮកទៅដល់ដំណើរដើមទងនៃការស្ម័គ្រចិត្ត កញ្ញាវលក្ខណ៍បានបញ្ជាក់ប្រាប់ថា ៖ “ ជាទូទៅ នៅសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ គឺមានជា គម្រោងផ្សេងៗ ជាច្រើនដែលអាចឲ្យនិស្សិតមានឱកាសចូលរួម។ ក្នុងនោះផងដែរ ខ្ញុំក៏បានចូលរួមនៅក្នុងគម្រោងមួយដែលមានឈ្មោះថា Pacific Angel 16“ ។ និស្សិតវ័យក្មេង នៃសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ រូបនេះក៏បានបង្ហើបទៀតផងដែថា នៅក្នុងគម្រោងនេះគឺកញ្ញាមានតួនាទីធ្វើជាអ្នកបកប្រែ ដើម្បីសម្របសម្រួលជាមួយនឹងក្រុមការងារដែលជាជនជាតិបរទេសដែលមិនចេះភាសាខ្មែរ។ គួរបញ្ជាក់ផងដែរថា នៅក្នុងគម្រោងនេះក៏មានការចូលរួមអំពីសំណាក់បណ្តាទាហានមកពី អូស្ត្រាលី វៀតណាម និង ថៃ ផងដែរ។ ឆ្លងកាត់នូវការចូលរួមសកម្មភាព ស្ម័គ្រចិត្ត នៅក្នុងគម្រោងនេះ គឺកញ្ញា ក៏ទទួលបាននូវបទពិសោធន៍មួយចំនួនផងដែរ នៅក្នុងនោះមានដូចជា៖​ អាចមានឱកាសធ្វើការងារជាក្រុម ជាមួយនឹងជនជាតិបរទេស ក៏ដូចជាមនុស្សថ្មីៗផ្សេងៗទៀត មានឱកាសបានចុះអនុវត្តកិច្ចការមួយចំនួនដែលទាក់ទងទៅនឹងមុខជំនាញដែលខ្លួនកំពុងសិក្សា មានឱកាសបានសិក្សាស្វែងយល់នូវស្ថានភាពសុខភាពអ្នកជំងឺនៅតាមសហគមន៍ មានឱកាសអនុវត្តភាសាអង់គ្លេសរបស់ខ្លួនឲ្យកាន់តែប្រសើរជាងមុន ពង្រឹងជំនាញទន់ ជាធម្មតានៅពេលដែលកញ្ញាចុះទៅតាមគម្រោងម្តងៗ វាក៏មានផលប៉ះពាល់ដល់ការសិក្សាផងដែរ ពោលគឺត្រូវខាតម៉ោងសិក្សាលើមុខវិជ្ជាមួយចំនួនដែរ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយកញ្ញាព្យាយាមយ៉ាងណាដែលមិនធ្វើឲ្យប៉ះពាល់ខ្លាំងដល់ការសិក្សានោះទេ។ យុវតី សម្បុរសរូបនេះ ក៏បានធ្វើការសង្កត់ធ្ងន់ទៅលើអត្ថប្រយោជន៍នៃការស្ម័គ្រចិត្តនេះផងដែរថា៖ “ ប្រសិនបើយើងចង់ទទួលបានជោគជ័យនាពេលអនាគត យើងគួរគប្បីចេះខិតខំសិក្សារៀនសូត្រទាំងជំនាញដែលយើងកំពុងតែសិក្សា និង ត្រូវចេះឆ្លៀតសិក្សាបន្ថែមនូវ ជំនាញទន់មួយទៀតនោះគឺកាន់តែប្រសើរខ្លាំងមែនទែន ។ ជំនាញទន់គឺជាកត្តាសំខាន់ខ្លាំងមិនអាចខ្វះបាន ដោយសារតែវាជាកម្លាំងចលករមួយធ្វើឲ្យបុគ្គលគ្រប់រូបអាចធ្វើកិច្ចការងារ ឬ ក៏ប្រាស្រ័យទាក់ទងជាមួយនឹងអ្នកដទៃបានកាន់តែប្រសើរ “​ ។ កញ្ញាបានចាប់ផ្តើមធ្វើការងារស្ម័គ្រចិត្តតាំងពី កញ្ញា រៀននៅឆ្នាំទី​មួយមកម្លេះ ដោយសារតែកញ្ញាមានចំណាប់អារម្មណ៍នឹងការងារស្ម័គ្រចិត្តស្រាប់។ កញ្ញាបានបញ្ជាក់ថា ៖ “ ខ្ញុំដំបូងចាប់ផ្តើមធ្វើការងារស្ម័គ្រចិត្ត នៅក្នុងក្លឹបតស៊ូមតិនៅក្នុងសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ។ ដំបូងខ្ញុំមិនបានធ្វើការងារអីធំដុំនោះទេ គឺជាការងារតូចតាចដូចជា កិបក្រដាស លើកតុ រៀបចំបន្ទប់ ។ លុះក្រោយមកទៀត ក្រុមរៀមច្បងបានឲ្យខ្ញុំជួយកិច្ចការងាររបស់គាត់មួយចំនួន ដែលទាក់ទងជាមួយនឹងកិច្ចការងារនៅក្នុងក្លឹប ” អមជាមួយនឹងស្នាមញញឹម យុវតីសម្បុរសរូបនេះក៏បានបញ្ជាក់ផងដែរថា “ នៅពេលដែលខ្ញុំស៊ាំជាមួយនឹងការងារតូចតាចរួចមក ខ្ញុំចាប់ផ្តើមចូលរួមនៅក្នុងកិច្ចការងារនៅក្នុងក្រុមតស៊ូមតិ រហូតបានកាន់ដំណែងជាប្រធានក្លឹប តស៊ូមតិផ្ទាល់ចាប់ពីឆ្នាំ ២០១៤​ រហូតដល់ ២០១៥ ។​ កញ្ញាបានបញ្ជាក់ផងដែរ ការស្ម័គ្រចិត្តគឺមិនអត់ប្រយោជន៍នោះទេ ពោលគឺនៅពេលដែលបានចូលរួមកិច្ចការងារស្ម័គ្រចិត្ត គឺយើងចេះប្រើប្រាស់ពេលវេលារបស់យើងឲ្យមានប្រយោជន៍នៅក្នុងកិច្ចការងារជួយ អ្នកដទៃ ក៏ដូចសង្គមផងដែរ។ ស្ថិតនៅក្នុងសំឡេងស្រាលៗ វលក្ខណ៍ ក៏បន្តទៀតថា ៖ “ យើងចាប់ផ្តើមពីកិច្ចការបន្តិចបន្តួចទៅ កុំប្រកាន់ ពីព្រោះថា កិច្ចការងារតូចតាចប៉ុណ្ណាក៏តែងតែបង្រៀនយើងនូវអ្វីមួយដែលថ្មី។ លើសពីនេះទៅទៀត ប្រសិនបើថ្ងៃណាមួយយើងបានក្លាយទៅជាអ្នកដឹកនាំគេ នោះយើងនឹងក្លាយជាមនុស្សម្នាក់ដែលមានសក្តានុពលនៅក្នុងការគ្រប់គ្រងអ្នកដទៃ។ […]