Month

  • 0
  • 21
  • Oct
មកជួបជាមួយនឹង កញ្ញា អ៊ុនសុវលក្ខណ៍ បច្ចុប្បន្នជានិស្សិត ជំនាញ ឱសថសាស្ត្រ នៃសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ ចែករំលែកបទពិសោធន៍មួយចំនួនទាក់ទងទៅនឹងការចូលរួមការងារស្ម័គ្រចិត្ត។ ប្រសិនបើរំឮកទៅដល់ដំណើរដើមទងនៃការស្ម័គ្រចិត្ត កញ្ញាវលក្ខណ៍បានបញ្ជាក់ប្រាប់ថា ៖ “ ជាទូទៅ នៅសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ គឺមានជា គម្រោងផ្សេងៗ ជាច្រើនដែលអាចឲ្យនិស្សិតមានឱកាសចូលរួម។ ក្នុងនោះផងដែរ ខ្ញុំក៏បានចូលរួមនៅក្នុងគម្រោងមួយដែលមានឈ្មោះថា Pacific Angel 16“ ។ និស្សិតវ័យក្មេង នៃសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ រូបនេះក៏បានបង្ហើបទៀតផងដែថា នៅក្នុងគម្រោងនេះគឺកញ្ញាមានតួនាទីធ្វើជាអ្នកបកប្រែ ដើម្បីសម្របសម្រួលជាមួយនឹងក្រុមការងារដែលជាជនជាតិបរទេសដែលមិនចេះភាសាខ្មែរ។ គួរបញ្ជាក់ផងដែរថា នៅក្នុងគម្រោងនេះក៏មានការចូលរួមអំពីសំណាក់បណ្តាទាហានមកពី អូស្ត្រាលី វៀតណាម និង ថៃ ផងដែរ។ ឆ្លងកាត់នូវការចូលរួមសកម្មភាព ស្ម័គ្រចិត្ត នៅក្នុងគម្រោងនេះ គឺកញ្ញា ក៏ទទួលបាននូវបទពិសោធន៍មួយចំនួនផងដែរ នៅក្នុងនោះមានដូចជា៖​ អាចមានឱកាសធ្វើការងារជាក្រុម ជាមួយនឹងជនជាតិបរទេស ក៏ដូចជាមនុស្សថ្មីៗផ្សេងៗទៀត មានឱកាសបានចុះអនុវត្តកិច្ចការមួយចំនួនដែលទាក់ទងទៅនឹងមុខជំនាញដែលខ្លួនកំពុងសិក្សា មានឱកាសបានសិក្សាស្វែងយល់នូវស្ថានភាពសុខភាពអ្នកជំងឺនៅតាមសហគមន៍ មានឱកាសអនុវត្តភាសាអង់គ្លេសរបស់ខ្លួនឲ្យកាន់តែប្រសើរជាងមុន ពង្រឹងជំនាញទន់ ជាធម្មតានៅពេលដែលកញ្ញាចុះទៅតាមគម្រោងម្តងៗ វាក៏មានផលប៉ះពាល់ដល់ការសិក្សាផងដែរ ពោលគឺត្រូវខាតម៉ោងសិក្សាលើមុខវិជ្ជាមួយចំនួនដែរ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយកញ្ញាព្យាយាមយ៉ាងណាដែលមិនធ្វើឲ្យប៉ះពាល់ខ្លាំងដល់ការសិក្សានោះទេ។ យុវតី សម្បុរសរូបនេះ ក៏បានធ្វើការសង្កត់ធ្ងន់ទៅលើអត្ថប្រយោជន៍នៃការស្ម័គ្រចិត្តនេះផងដែរថា៖ “ ប្រសិនបើយើងចង់ទទួលបានជោគជ័យនាពេលអនាគត យើងគួរគប្បីចេះខិតខំសិក្សារៀនសូត្រទាំងជំនាញដែលយើងកំពុងតែសិក្សា និង ត្រូវចេះឆ្លៀតសិក្សាបន្ថែមនូវ ជំនាញទន់មួយទៀតនោះគឺកាន់តែប្រសើរខ្លាំងមែនទែន ។ ជំនាញទន់គឺជាកត្តាសំខាន់ខ្លាំងមិនអាចខ្វះបាន ដោយសារតែវាជាកម្លាំងចលករមួយធ្វើឲ្យបុគ្គលគ្រប់រូបអាចធ្វើកិច្ចការងារ ឬ ក៏ប្រាស្រ័យទាក់ទងជាមួយនឹងអ្នកដទៃបានកាន់តែប្រសើរ “​ ។ កញ្ញាបានចាប់ផ្តើមធ្វើការងារស្ម័គ្រចិត្តតាំងពី កញ្ញា រៀននៅឆ្នាំទី​មួយមកម្លេះ ដោយសារតែកញ្ញាមានចំណាប់អារម្មណ៍នឹងការងារស្ម័គ្រចិត្តស្រាប់។ កញ្ញាបានបញ្ជាក់ថា ៖ “ ខ្ញុំដំបូងចាប់ផ្តើមធ្វើការងារស្ម័គ្រចិត្ត នៅក្នុងក្លឹបតស៊ូមតិនៅក្នុងសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ។ ដំបូងខ្ញុំមិនបានធ្វើការងារអីធំដុំនោះទេ គឺជាការងារតូចតាចដូចជា កិបក្រដាស លើកតុ រៀបចំបន្ទប់ ។ លុះក្រោយមកទៀត ក្រុមរៀមច្បងបានឲ្យខ្ញុំជួយកិច្ចការងាររបស់គាត់មួយចំនួន ដែលទាក់ទងជាមួយនឹងកិច្ចការងារនៅក្នុងក្លឹប ” អមជាមួយនឹងស្នាមញញឹម យុវតីសម្បុរសរូបនេះក៏បានបញ្ជាក់ផងដែរថា “ នៅពេលដែលខ្ញុំស៊ាំជាមួយនឹងការងារតូចតាចរួចមក ខ្ញុំចាប់ផ្តើមចូលរួមនៅក្នុងកិច្ចការងារនៅក្នុងក្រុមតស៊ូមតិ រហូតបានកាន់ដំណែងជាប្រធានក្លឹប តស៊ូមតិផ្ទាល់ចាប់ពីឆ្នាំ ២០១៤​ រហូតដល់ ២០១៥ ។​ កញ្ញាបានបញ្ជាក់ផងដែរ ការស្ម័គ្រចិត្តគឺមិនអត់ប្រយោជន៍នោះទេ ពោលគឺនៅពេលដែលបានចូលរួមកិច្ចការងារស្ម័គ្រចិត្ត គឺយើងចេះប្រើប្រាស់ពេលវេលារបស់យើងឲ្យមានប្រយោជន៍នៅក្នុងកិច្ចការងារជួយ អ្នកដទៃ ក៏ដូចសង្គមផងដែរ។ ស្ថិតនៅក្នុងសំឡេងស្រាលៗ វលក្ខណ៍ ក៏បន្តទៀតថា ៖ “ យើងចាប់ផ្តើមពីកិច្ចការបន្តិចបន្តួចទៅ កុំប្រកាន់ ពីព្រោះថា កិច្ចការងារតូចតាចប៉ុណ្ណាក៏តែងតែបង្រៀនយើងនូវអ្វីមួយដែលថ្មី។ លើសពីនេះទៅទៀត ប្រសិនបើថ្ងៃណាមួយយើងបានក្លាយទៅជាអ្នកដឹកនាំគេ នោះយើងនឹងក្លាយជាមនុស្សម្នាក់ដែលមានសក្តានុពលនៅក្នុងការគ្រប់គ្រងអ្នកដទៃ។ […]
  • 0
  • 05
  • Oct
ប្រសិនបើយើងក្រលេកមកមើលយុវជនវ័យក្មេងកម្ពុជានាពេលបច្ចុប្បន្ន គឺសង្កេតឃើញថា សន្ទុះនៃការចូលរួមសកម្មភាពស្ម័គ្រចិត្តមានការកើនឡើងជាលំដាប់គួរឲ្យកត់សម្គាល់។ ពួកគាត់ងាកមកចាប់អារម្មណ៍នូវការស្ម័គ្រចិត្តផ្សេងៗគឺដោយសារតែ ការងារនេះបានបង្រៀននិងបានធ្វើឲ្យគាត់បានទទួលនូវចំណេះដឹងថ្មីៗដែលពួកគាត់មិនដែលនឹងរំពឹងទុកពីមុនមក។ នៅក្នុងចំណោមយុវជនវ័យក្មេងជាច្រើននាក់ដែលមានឆន្ទៈនៅក្នុងការចូលរួមសកម្មភាពស្ម័គ្រចិត្ត កញ្ញា ម៉ា រោចន វឌ្ឍិនី ក៏ជានិស្សិតវ័យក្មេងមួយរូបដែលមានឆន្ទៈខ្ពស់នៅក្នុងការចូលរួមនៅក្នុងសកម្មភាពស្ម័គ្រផ្សេងៗផងដែរ។ បច្ចុប្បន្ន កញ្ញា ម៉ា រោចន វឌ្ឍិនី ជានិស្សិតឆ្នាំទី ២ ជំនាញ វេជ្ជសាស្ត្រ នៃសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ បានលើកឡើងនូវគុណសម្បត្តិមួយចំនួនដែលយុវជនវ័យក្មេងគួរតែប្រឡូកនៅក្នុងសកម្មភាពស្ម័គ្រចិត្តផ្សេងៗឲ្យបានច្រើន។ យុវតីសម្បុរស្រអែមរូបនេះ បានលើកឡើងថា ការងារស្ម័គ្រចិត្តបានបង្រៀនគាត់ឲ្យមានភាពក្លាហាន ចេះលត់ដំខ្លួន និង ចេះជំនាញទន់ច្រើនជាងមុន (ពិសេសផ្តោតលើការទំនាក់ទំនង និង ការធ្វើការងារក្រុម) ។ ពេលរំឮកទៅដល់ការផ្តើមធ្វើការងារស្ម័គ្រចិត្ត កញ្ញាញញឹមបណ្តើរនិយាយបណ្តើរ រូចបញ្ជាក់ថា ៖ “ សម្រាប់ខ្លួន ខ្ញុំផ្ទាល់គឺស្រលាញ់ការងារស្ម័គ្រចិត្តតាំងពីដើមមក៍! ជាក់ស្តែងនៅក្នុងសាកលវិទ្យាល័យពុទ្ធិសាស្ត្រ ក៏មានផ្តល់ឱកាសឲ្យនិស្សិតអាចចូលរូមនៅក្នុងការងារស្ម័គ្រចិត្តនៅតាមគម្រោង(Project)ផ្សេងៗជាច្រើន។ បន្ទាប់មក ខ្ញុំក៏ចាប់អារម្មណ៍ហើយបានធ្វើការដាក់ពាក្យសុំចូលស្ម័គ្រចិត្តនៅក្នុងគម្រោងមួយ។ គម្រោងដំបូងដែលខ្ញុំបានធ្វើការស្ម័គ្រចិត្តគឺមានឈ្មោះថា Project Sabay ។ នៅក្នុងគម្រោងនេះផងដែរ ខ្ញុំមានតួនាទីធ្វើជាជំនួយការរបស់ដុកទ័រ និង គ្រូពេទ្យ ជនជាតិ សិង្ហបុរី ដែលពេលខ្លះត្រូវជួយពួកគាត់ទៅលើការបកប្រែភាសាខ្មែរជាមួយនឹងបងប្អូនប្រជាពលរដ្ឋដែលមកពិនិត្យសុខភាព។” ឈប់បន្តិច និស្សិតវ័យក្មេងរូបនេះក៏បានបង្ហើបប្រាប់ពីគុណសម្បត្តិនៃការចូលរួមនៅក្នុងគម្រោងនេះដូចជា ៖ អាចសិក្សារៀនសូត្រពីសំណាក់ដុកទ័រ និង គ្រូពេទ្យបរទេស ធ្វើការងារជាក្រុម និង ទទួលបានបទពិសោធន៍ថ្មី ចេះប្រាស្រ័យទាក់ទងជាមួយអ្នកដទៃដែលយើងមិនដែលស្គាល់ មានឱកាសអនុវត្តទៅលើមុខវិជ្ជាដែលខ្លួនកំពុងតែសិក្សា មានឱកាសបានស្វែងយល់អំពីបញ្ហាសុខភាពរបស់បងប្អូនប្រជាពលរដ្ឋនៅតំបន់ដែលខ្លួនទៅ បង្កើតមិត្តភាពជាមួយនឹងក្រុមការងារស្ម័គ្រចិត្តដូចគ្នា (ទាំងខ្មែរ ទាំងបរទេស) ចេះធ្វើការងារពេលចុះទៅតាមសហគមន៍ (ដំណើរការនៃការពិនិត្យសុខភាពទាំងស្រុង) ប្រសិនបើយើងជាមនុស្សម្នាក់ដែលអៀន នោះយើងនឹងមានភាពក្លាហានជាងមុន ​ទន្ទឹមនឹងគុណសម្បត្តិនៃការស្ម័គ្រចិត្តដូចដែលបានរៀបរាប់ វឌ្ឍិនី ក៏បានបញ្ជាក់ផងដែរថា ៖ “ ក្នុងនោះក៏មានគុណវិបត្តិមួយចំនួនផងដែរ ដូចជា៖ អាចប៉ះពាល់ម៉ោងសិក្សាតិចតួច នឿយហត់ ជាដើម ប៉ុន្តែបញ្ហាទាំងនេះមិនសូវជាប៉ះពាល់ធ្ងន់ធ្ងរប៉ុន្មានទេ គឺដោយសារតែខ្ញុំអាចគ្រប់គ្រងលើវាបាន ហើយគ្រប់ពេលដែលខ្ញុំបានធ្វើកិច្ចការទាំងអស់នេះ បើទោះបីជាគ្មានទទួលបានប្រាក់កំរ៉ៃអ្វីក៏ដោយក៏ខ្ញុំមានអារម្មណ៍ថា សប្បាយចិត្តខ្លាំងណាស់ ។” និស្សិតមានដើមកំណើតនៅទីក្រុងភ្នំពេញរូបនេះ ក៏បានប្រាប់ពីគោលដៅនាពេលអនាគតរបស់ខ្លួនដូច្នេះថា ៖ “ នាថ្ងៃអនាគត ខ្ញុំចង់បើកមណ្ឌលចាស់ជរាមួយកន្លែង ដោយហេតុថា ពេលដល់វ័យចាស់ជរាសុខភាពរបស់លោកតា លោកយាយភាគច្រើន កាន់តែទ្រុឌទ្រោម ដូច្នេះពួកគាត់ត្រូវតែទទួលបាននូវការមើលថែទាំយ៉ាងដិតដល់ ។ ហេតុផលម្យ៉ាងទៀត គឺដោយសារតែមណ្ឌលនេះពុំទាន់មានបង្កើតនៅក្នុងប្រទេសកម្ពុជានៅឡើយទេ ខ្ញុំសង្ឃឹមថា ការរំពឹងទុកនេះគឺអាចសម្រេចបាននាពេលអនាគត។” ក្នុងនាមជាយុវជនម្នាក់ កញ្ញា សូមលើកទឹកចិត្តទៅដល់យុវជនផ្សេងៗទៀតដែល ពុំទាន់បានប្រឡូកនៅក្នុងការស្ម័គ្រចិត្តសូមឲ្យចាប់ផ្តើមធ្វើការស្ម័គ្រចិត្តបណ្តើរៗ ដើម្បីការផ្លាស់ប្តូរជាវិជ្ជាមាននាពេលបច្ចុប្បន្ននិងពេលអនាគត។